តើឧបករណ៍ប្រើប្រាស់នៅក្រៅផ្ទះដែលប្រើថ្មគឺជាអ្វី?

ឧបករណ៍ប្រើប្រាស់នៅក្រៅផ្ទះ និងម៉ាស៊ីនកាត់ស្មៅដែលប្រើថ្ម គឺជាឧបករណ៍ដែលមិនប្រើខ្សែភ្លើង ដែលដំណើរការដោយថ្មដែលអាចសាកបាន។ ជម្រើសប្រើថ្ម (ឬប្រើអគ្គិសនីឥតមានខ្សែភ្លើង) ឥឡូវនេះត្រូវបានគេផលិតសម្រាប់ឧបករណ៍ប្រើប្រាស់នៅក្រៅផ្ទះដែលគេពេញនិយមភាគច្រើន ដូចជាម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនផ្លុំស្លឹកឈើ ម៉ាស៊ីនតម្រឹមមែកឈើ ម៉ាស៊ីនរណារ ម៉ាស៊ីនផ្លុំស្នូ និងម៉ាស៊ីនជាច្រើនទៀត។ ថាមពល និងរយៈពេលដំណើរការរបស់ឧបករណ៍ដែលមិនប្រើខ្សែភ្លើង មានការកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះមានកម្រិតស្មើនឹងឧបករណ៍ដែលប្រើសាំងដែរ។ អ្នកជំនាញផ្នែករៀបចំសួនជាច្រើន ផ្លាស់ប្តូរឧបករណ៍មួយចំនួនទៅជាជម្រើសដែលប្រើថ្ម ហើយក្រុមហ៊ុនរៀបចំសួនដែលប្រើប្រាស់ឧបករណ៍ប្រើអគ្គិសនីទាំងស្រុង កំពុងតែក្លាយជារឿងធម្មតា។

ថ្មភាគច្រើនជាថ្មលីចូម-អ៊ីយ៉ុង ដែលមានទម្ងន់ស្រាល ប្រើប្រាស់បានយូរ និងមិនបាត់បង់ថាមពល នៅពេលដែលកម្លាំងថ្មថយចុះ។ ឧបករណ៍ប្រើថ្ម ធ្វើឡើងដោយប្រើម៉ូទ័រមានជក់កាបូន (brushed) ឬគ្មានជក់កាបូន (brushless)។ ជក់កាបូនគឺជាឧបករណ៍រអិលនៅក្នុងម៉ូទ័រ ដែលនាំឱ្យមានការផ្ទេរចរន្តអគ្គិសនី។ នៅក្នុងម៉ូទ័រគ្មានជក់កាបូន, មេដែក និងអេឡិចត្រូមេដែកត្រូវបានគេប្រើប្រាស់។ ម៉ូទ័រគ្មានជក់កាបូនប្រើបានយូរជាង មានប្រសិទ្ធភាពជាង អាចទុកចិត្តបាន មានសម្លេងស្ងាត់ជាង និងមានថាមពលខ្លាំងជាង។ ជាធម្មតា ម៉ូទ័រគ្មានជក់កាបូនមានតម្លៃថ្លៃជាង ប៉ុន្តែវាប្រើប្រាស់បានយូរជាង ហើយត្រូវការការថែទាំតិចជាង។

អត្ថប្រយោជន៍ដល់សុខភាព នៃឧបករណ៍ប្រើប្រាស់ក្រៅផ្ទះដែលប្រើថ្ម

ឧបករណ៍ប្រើប្រាស់នៅក្រៅផ្ទះដែលប្រើថ្ម មានសុវត្ថិភាពដល់សុខភាពរបស់អ្នក ជាងឧបករណ៍ធម្មតា។ ឧបករណ៍ប្រើសាំង បញ្ចេញអ៊ីដ្រូកាបូន នីត្រូហ្សែនអុកស៊ីដ ភាគល្អិតនិចល (ដែលប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម) កាបូនម៉ូណូអុកស៊ីដ (ឧស្ម័នពុល) និងកាបូនឌីអុកស៊ីដ (ដែលរួមចំណែកដល់ការឡើងកម្ដៅផែនដី) ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់សួត បេះដូង ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធបន្សាបជាតិពុល ហើយបង្កើនឱកាសក្នុងការកើតជំងឺមហារីកមួយចំនួន។ ទី ភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក (EPA) បានប៉ាន់ប្រមាណថា ម៉ាស៊ីនកាត់ស្មៅប្រើសាំងដែលត្រូវបានគេប្រើប្រាស់ក្នុងរយៈពេលមួយម៉ោង អាចបញ្ចេញសារធាតុបំពុលបរិស្ថាន ស្មើនឹងរថយន្តប្រើសាំងបញ្ចេញ 11 ដង។