គន្លឹះសម្រាប់ការចម្អិនអាហារដោយចង្ក្រានអាំងឌុចទ័រ

តើអ្នកកំពុងពិចារណាអំពីការទទួលបានចង្ក្រានអាំងឌុចទ័រ ប៉ុន្តែបារម្ភថា​​ អ្នកនឹងត្រូវរៀនវិធីចម្អិនអាហារថ្មីទាំងស្រុងមែនទេ? ការណែនាំខាងក្រោមនឹងធ្វើឱ្យអ្នកចាប់ផ្តើមចម្អិនម្ហូបដ៏ឆ្ងាញ់ ខណៈពេលដែលកាត់បន្ថយការបំពុលខ្យល់ក្នុងផ្ទះ និងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងផ្ទះរបស់អ្នក។

ពិនិត្យមើលឧបករណ៍ចម្អិនអាហាររបស់អ្នក

ចង្ក្រានអាំងឌុចទ័រដំណើរការតាមរយៈមេដែក ផ្តល់ថាមពលដល់ភាគល្អិតនៅលើផ្ទៃឧបករណ៍ចម្អិនអាហារដែលអាចប្រើជាមួយគ្នាបានដូចជា ឆ្នាំង ខ្ទះ និងខ្ទះដែលមានបាតសំប៉ែត។ ដើម្បីពិនិត្យមើលថាតើឧបករណ៍ចម្អិនអាហារបច្ចុប្បន្នរបស់អ្នកសមស្របដែរឬទេ គ្រាន់តែដាក់មេដែកនៅខាងក្រោម – ប្រសិនបើវាឆក់ជាប់ ឆ្នាំង និងខ្ទះរបស់អ្នកអាចដំណើរការនៅលើចង្ក្រានអាំងឌុចទ័រ។ នៅពេលទិញឧបករណ៍ចម្អិនអាហារថ្មី សូមរកមើលនិមិត្តសញ្ញាដែលបង្ហាញពីភាពដែលអាចប្រើប្រាស់បានជាមួយការចម្អិនអាហារដោយចង្ក្រានអាំងឌុចទ័រ។

រៀបចំគ្រឿងផ្សំរបស់អ្នកជាមុន

ជាធម្មតា តើអ្នករៀបចំគ្រឿងផ្សំមួយចំនួនខណៈពេលរង់ចាំឆ្នាំង និងខ្ទះរបស់អ្នកក្ដៅដែរឬទេ? ជាមួយនឹងចង្ក្រានអាំងឌុចទ័រ កម្ដៅឧណ្ហៗស្ទើរតែបាត់ទៅហើយ ព្រោះវាតម្លើងកម្ដៅលើឧបករណ៍ចម្អិនអាហាររបស់អ្នកស្ទើរតែភ្លាមៗ។ ដើម្បីកុំឱ្យយឺតពេលលើរូបមន្តធ្វើម្ហូប ឬការចម្អិនអាហារ អ្នកត្រូវមានគ្រឿងផ្សំរបស់អ្នកត្រៀមរួចរាល់មុនពេលបើកចង្ក្រានអាំងឌុចទ័រ។

ទទួលយកការពិសោធមួយចំនួន

តើកំពុងរៀបចំផែនការជួបជុំគ្រួសារធំជាមួយរូបមន្តធ្វើម្ហូបថ្មីមែនទេ? វាអាចនឹងមិនមែនជាពេលវេលាដ៏ល្អបំផុត ដើម្បីចាប់ផ្តើមចង្ក្រានអាំងឌុចទ័ររបស់អ្នកទេ។ ដូចរាល់ឧបករណ៍ប្រើប្រាស់ថ្មីដែរ វាអាចនឹងតម្រូវឱ្យមានភាពស៊ាំខ្លះដែរ។ ធ្វើឱ្យខ្លួនអ្នកស៊ាំជាមួយនឹងការកំណត់សីតុណ្ហភាព និងភាពប៉ិនប្រសប់លើការចម្អិនម្ហូប នៅពេលអ្នកមិនស្ថិតក្រោមកម្រិតសម្ពាធ។

ចម្អិនដោយភាពជាក់លាក់

ចង្ក្រានអាំងឌុចទ័រផ្តល់នូវភាពជាក់លាក់ពិសេស ដែលអនុញ្ញាតឱ្យអ្នកស្វែងយល់អំពីរូបមន្ដធ្វើម្ហូបដែលអាចពិបាកជាងនៅលើចង្ក្រានហ្គាស។ ក្បាលចំហេះចង្ក្រានរក្សាសីតុណ្ហភាពជាក់លាក់ដែលអ្នកកំណត់ ដោយមិនឱ្យអាហារក្ដៅជ្រុល ឬធ្វើឱ្យអ្នករង់ចាំរយៈពេលការឡើងកម្ដៅឧណ្ហៗយូរទេ។ ក្បាលចំហេះចង្ក្រានក៏ត្រជាក់ភ្លាមៗ–បិទក្បាលចំហេះចង្ក្រាន ហើយអ្នកអាចទុកឆ្នាំង ឬខ្ទះនៅលើវាដោយគ្មានការព្រួយបារម្ភ។

សង្កេតមើលប្រសិទ្ធភាពនៃការចម្អិនអាហារដោយចង្ក្រានអាំងឌុចទ័រ

សុភាសិតចាស់បានពោល​ថាឆ្នាំងដែលយូរឆ្អិន​មិនប្រើទេនៅទីនេះ។​ ចង្ក្រានអាំងឌុចទ័រកម្ដៅ​ឧបករណ៍ចម្អិនអាហារយ៉ាងលឿន ហើយអ្នកអាចឃើញឆ្នាំងទឹកពុះ​ដោយប្រើពេលប្រហែលតែពាក់កណ្តានៃចង្ក្រានហ្គាសប៉ុណ្ណោះ។

ទទួលអត្ថប្រយោជន៍ច្រើនពីពេលដែលបានសន្សំ

ការចម្អិនអាហារនឹងលឿនជាងមុន។ អាហារនឹងមិនខ្លោចលើផ្ទៃចង្ក្រានទេ ដែលធ្វើឱ្យដំណើរការសម្អាតលឿនជាងមុន។ តើអ្នកនឹងធ្វើអ្វីខ្លះជាមួយពេលវេលាដែលអ្នកសន្សំ? វាអាស្រ័យលើអ្នក។

ចម្អិនដោយគ្មានការព្រួយបារម្ភ

ការចម្អិនអាហារដោយចង្ក្រានអាំងឌុចទ័រកាត់បន្ថយហានិភ័យលើអគ្គិភ័យក្នុងផ្ទះបាយដោយចៃដន្យ ដោយសារវាកម្ដៅតែឧបករណ៍ចម្អិនអាហារប៉ុណ្ណោះ មិនមែនផ្ទៃចង្ក្រាននោះទេ។ ប្រសិនបើចង្ក្រាននៅទទេ ហើយបើកចោល វានឹងមិនក្តៅទេ។ ដើម្បីសន្សំសំចៃថាមពល សូមចងចាំថាត្រូវបិទចង្ក្រានអាំងឌុចទ័រនៅពេលមិនប្រើប្រាស់។

ប្រភព៖ ការណែនំាមាននៅគេហទំព័រ reviewed.usatoday.com/ovens/series/induction-cooking-101